ទេសចរបរទេសដើរឆ្លងស្ពានហាល
ដើម្បីទៅទស្សនាប្រាសាទអង្គរវត្ត ស្ថិតនៅក្នុងខេត្តសៀមរាប
កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១០។
យ៉ាងណាក៏ដោយ ប្រទេសកម្ពុជា នឹងមានកំណើនខ្លាំងនៅឆ្នាំក្រោយ ក្នុងករណីដែលប្រទេសកម្ពុជា យកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍវិស័យទេសចរណ៍ និងពង្រីកតម្រូវការក្នុងស្រុក។
ការធ្លាក់ចុះសេដ្ឋកិច្ចសកល ឬការធ្លាក់ចុះសេដ្ឋកិច្ចរបស់ប្រទេសមហាអំណាច ដូចជាសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងប្រទេសចិន មានទំនាក់ទំនងដោយផ្ទាល់នាំឲ្យប្រទេសកំពុងអភិវឌ្ឍន៍នានាទទួលផល ប៉ះពាល់ដែរ ដោយសារតែសេដ្ឋកិច្ចរបស់ប្រទេសក្រីក្រ ឬប្រទេសកំពុងអភិវឌ្ឍន៍ពឹងលើប្រទេសទាំងនោះ ជាពិសេសគឺការនាំចេញផលិតផលទៅប្រទេសមហាអំណាចទាំងនោះ។
របាយការណ៍ត្រួតពិនិត្យទិន្នន័យសេដ្ឋកិច្ចក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិករបស់ធនាគារពិភពលោក ដែលចេញផ្សាយនៅទី៨ តុលា ឆ្នាំ២០១២ ថា ការធ្លាក់ចុះសេដ្ឋកិច្ចរបស់ចិន នៅឆ្នាំ២០១២ នឹងផ្ដល់ផលអវិជ្ជមានចំពោះប្រទេសនៅក្នុងតំបន់។ របាយការណ៍ដដែលបានព្យាករថា កំណើនសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក អាចនឹងកើនយឺតពី ៨.២% នៅក្នុងឆ្នាំ២០១១ មកត្រឹម ៧.២% នៅឆ្នាំ២០១២ តែកំណើននេះនឹងកើនឡើង ៧.៦% នៅឆ្នាំ២០១៣។
ក្នុងរបាយការណ៍ថ្មីនេះ បានបញ្ជាក់ថា ការធ្លាក់ចុះសេដ្ឋកិច្ចរបស់បណ្ដាប្រទេសនៅក្នុងតំបន់នេះ ដោយសារតែការនាំចេញរបស់ចិន និងកំណើនវិនិយោគទុនកាន់តែទាប នឹងធ្វើកំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសចិន ថយចុះពី ៩.៣% មកត្រឹម ៧.៧% នៅឆ្នាំ២០១២។ ប៉ុន្តែនៅក្នុងឆ្នាំ២០១៣ កំណើនសេដ្ឋកិច្ចរបស់ចិន ត្រូវគេរំពឹងថា នឹងកើនឡើងវិញដល់ ៨.១% ដោយសារតែប្រទេសចិន នឹងមានវិធានការនានាសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច។
របាយការណ៍បានបញ្ជាក់ទៀតថា ទន្ទឹមនឹងការធ្លាក់ចុះនៃសេដ្ឋកិច្ចសកល ជាពិសេសប្រទេសចិននោះ បណ្ដាប្រទេសនៅក្នុងតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក ជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍នៅក្នុងតំបន់ ត្រូវផ្ដោតលើការបង្កើនតម្រូវការក្នុងស្រុក ដែលជាផ្នែកមួយយ៉ាងសំខាន់សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចនៅឆ្នាំ បន្ទាប់។
អនុប្រធានប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នៃធនាគារពិភពលោក អ្នកស្រី ប៉ាមេឡា ខក់ (Pamela Cox) មានប្រសាសន៍ថា បរិមាណតម្រូវការកាន់តែតិចទៅសម្រាប់ការនាំចេញរបស់អាស៊ីបូព៌ា កំពុងធ្វើឲ្យសេដ្ឋកិច្ចនៅតំបន់ថយចុះ ប៉ុន្តែបើធៀបទៅនឹងតំបន់ដទៃទៀតនៅលើពិភពលោក តំបន់អាស៊ីបូព៌ានេះ កំពុងរីកលូតលាស់យ៉ាងខ្លាំង ហើយបរិមាណតម្រូវការក្នុងស្រុកដែលកំពុងកើនឡើងនឹងធ្វើឲ្យ សេដ្ឋកិច្ចនៅក្នុងតំបន់នេះ កើនឡើងវិញដល់ ៧.៦% នៅឆ្នាំក្រោយ។
សេដ្ឋវិទូនៅប្រទេសកម្ពុជា បានអះអាងថា ការលើកទឹកចិត្តឲ្យប្រជាជនចំណាយជាកត្តាមួយជំរុញឲ្យមានការកើន ឡើងតម្រូវការក្នុងស្រុកសរុបជាកត្តាជំរុញឲ្យមានការវិនិយោគ ក្នុងស្រុកកើនឡើង ដើម្បីធានាស្ថិរភាពកំណើនសេដ្ឋកិច្ច ទន្ទឹមទីផ្សារសំខាន់ៗនៃការនាំចេញកម្ពុជា កំពុងរងវិបត្តិ។
សេដ្ឋវិទូជាន់ខ្ពស់នៃធនាគារពិភពលោកប្រចាំនៅកម្ពុជា លោក ជា ហួត ធ្លាប់មានប្រសាសន៍ថា ការជំរុញឲ្យប្រជាជនចំណាយនឹងធ្វើសេដ្ឋកិច្ចកម្ពុជា មានចលនាវិវឌ្ឍន៍ទៅមុខដោយលោកបញ្ជាក់ថា ការចំណាយរបស់វិស័យឯកជនគឺជំរុញឲ្យបានការវិនិយោគ និងគាំទ្រដល់ផលិតកម្ម។
លោក ជា ហួត៖ «Private Consumption នៅស្រុកខ្មែរហ្នឹងវាតំណាងឲ្យ ៨០% នៃផលទុនជាតិសរុប ហើយយើងឃើញថា Private Consumption ហ្នឹង ការចំណាយវិស័យឯកជនកើនជាង ១៣% កាលពីឆ្នាំ២០១១។ អាហ្នឹងវាសំខាន់វាជួយឲ្យសេដ្ឋកិច្ចដើរដែរ។ ឧទាហរណ៍នៅពេលដែលយើងបើកលុយមក យើងចាយ យើងទិញ យើងប្រើប្រាស់ ហើយអ្នកទាំងអស់ទិញប្រើប្រាស់ ដើម្បីផលិតកម្ម គឺថា ការចាយហ្នឹងហើយជាការជំរុញមួយឲ្យសេដ្ឋកិច្ចរីកចំរើន កើន ចលនានឹងវិវឌ្ឍន៍ទៅមុខ»។
ទន្ទឹមនឹងការចំណាយក្នុងស្រុកជំរុញសេដ្ឋកិច្ចកម្ពុជា ប៉ុន្តែវិស័យទេសចរណ៍ក៏ជាកត្តាជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងអំឡុងពេលកើតមានវិបត្តិសេដ្ឋកិច្ចនៅសកលលោក។ របាយការណ៍ធនាគារអភិវឌ្ឍអាស៊ី អេឌីប៊ី (ADB) ប្រចាំនៅកម្ពុជា បានឲ្យដឹងថា វិស័យទេសចរណ៍រំពឹងថា នឹងកើនឡើងនៅឆ្នាំ២០១២ និងឆ្នាំ២០១៣ ដែលជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។
របាយការណ៍ដដែលបានបញ្ជាក់ថា ការមកដល់របស់ភ្ញៀវទេសចរណ៍អន្តរជាតិនឹងផ្ដល់ផលវិជ្ជមានដល់វិស័យ សណ្ឋាគារ និងភោជនីយដ្ឋាន មធ្យោបាយដឹកជញ្ជូន ការប្រាស្រ័យទាក់ទង និងអាជីវកម្មផ្សេងៗ ដែលផ្នែកទាំងអស់នេះចូលរួមចំណែកដល់ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសកម្ពុជា ប្រមាណ ២០.៤% នៅក្នុងឆ្នាំ២០១១។
សេដ្ឋកិច្ចវិទូជាន់ខ្ពស់នៃធនាគារអភិវឌ្ឍអាស៊ី អេឌីប៊ី នៅកម្ពុជា លោក ឌួង ពូលឡង់ មានប្រសាសន៍ថា វិស័យទេសចរណ៍មានសន្ទុះកើនឡើងខ្លាំងនៅក្នុងឆ្នាំនេះ ដែលជួយគាំទ្រការធ្លាក់ចុះការនាំចេញរបស់កម្ពុជា ទៅសហរដ្ឋអាមេរិក សហភាពអឺរ៉ុប ជាដើម។
លោក ឌួង ពូលឡង់ មានប្រសាសន៍បន្តថា ការជំរុញតម្រូវការក្នុងស្រុកជាផ្នែកមួយជួយគាំទ្រដល់កំណើន សេដ្ឋកិច្ចកម្ពុជា អំឡុងពេលមានវិបត្តិ ប៉ុន្តែប្រទេសកម្ពុជា មិនត្រូវការពឹងតែលើតម្រូវការក្នុងស្រុកទេ ដោយសារតែចំនួនប្រជាជនតិចតួច ហើយអ្នកដែលមានលុយចាយមានចំនួនតិចតួច ដូច្នេះការពង្រីកទីផ្សារនាំចេញរបស់កម្ពុជា គឺជាកត្តាសំខាន់សម្រាប់ជួយដល់កំណើនសេដ្ឋកិច្ចកម្ពុជា។
លោក ឌួង ពូលឡង់៖ «អ្នកដែលចាយច្រើន គឺនៅភ្នំពេញ សៀមរាប ឬក្រុងព្រះសីហនុ ប៉ុន្តែយើងត្រូវដឹងថា អ្នកនៅតាមខេត្តតាមជនបទ មានអ្នកក្រច្រើន។ អ៊ីចឹងទីផ្សារដែលធំមានប្រមាណ ២លាន ទៅ ៣លាននាក់។ សរុបសេចក្ដីទីផ្សារក្នុងស្រុកយើងតូច គឺយើងត្រូវសម្លឹងមើលទីផ្សារខាងក្រៅ ដើម្បីពង្រឹងកំណើនសេដ្ឋកិច្ចយើងឲ្យខ្លាំងក្លា»។
លោក ពូលឡង់ មានប្រសាសន៍បន្ថែមថា ការបង្កើតគោលនយោបាយ នឹងកាត់បន្ថយកត្តារារាំងចំពោះការនាចេញ រួមទាំងការការពង្រីកទីផ្សារនាំចេញក្រៅពីតំបន់កំពុងមានវិបត្តិ គឺជាកត្តាចាំបាច់ សម្រាប់ជួយធានាឲ្យមានស្ថិរភាពកំណើនសេដ្ឋកិច្ច ជាជាងការពឹងលើការបង្កើនតម្រូវការក្នុងស្រុក។
ផ្ទុយទៅវិញ របាយការណ៍ត្រួតពិនិត្យទិន្នន័យសេដ្ឋកិច្ចក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិករបស់ធនាគារពិភពលោកដដែល បានបង្ហាញថា ប្រទេសជាច្រើនដូចជាប្រទេសឥណ្ឌូនេស៊ី ព្រមទាំងប្រទេសថៃ ប្រទេសម៉ាឡេស៊ី បច្ចុប្បន្នរដ្ឋាភិបាល និងវិស័យឯកជនកំពុងបង្កើនការចំណាយលើទំនិញមូលធន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។